មានអំពើហិង្សាលើស្រ្តីកើតឡើងជាច្រើននៅប្រទេសកម្ពុជា ទោះបីប្រទេសមានច្បាប់ហាមឃាត់អំពើហិង្សាក្នុងគ្រួសារក៏ដោយ។ គេបានរកឃើញថា មានស្រ្តីម្នាក់ក្នុងចំណោម ៤នាក់ រងអំពើហិង្សា។
នៅក្នុងទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្រ្តី អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ បានរួមគ្នាធ្វើសកម្មភាពផ្សេងៗដើម្បីដាស់សតិពលរដ្ឋទូទៅឲ្យចាប់ អារម្មណ៍លុបបំបាត់អំពើហិង្សានៅក្នុងគ្រួសារដែលមានច្រើនករណីនៅ ក្នុងប្រទេស ហើយតាមស្ថិតិបានឲ្យដឹងថា បានប៉ះពាល់លើស្ត្រីម្នាក់ក្នុងចំណោមស្រ្តី ៤នាក់ នៅប្រទេសកម្ពុជា។
លោក ឆាយ គីមស័រ ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍របស់អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ យេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៥ វិច្ឆិកា ឲ្យដឹងថា នៅក្នុងឱកាសទិវាអន្តរជាតិលុបបំបាត់អំពើហិង្សា ថ្ងៃ២៥ វិច្ឆិកា ក្រុមលោកបានធ្វើយុទ្ធនាការមួយចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ធ្នូ ដោយមានជាសកម្មភាពផ្សេងៗនិងធ្វើនៅខែត្រចំនួន៤ គឺខែត្របន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង និងខែត្រព្រៃវែង។
លោក ឆាយ គឹមស័រ បានមានប្រសាសន៍ថា ៖ «ការធ្វើហ្នឹងវាមាន សកម្មភាពជាច្រើន។ ខាងខ្ញុំ យើងមានជាកិច្ចពិភាក្សាតុមូល [roundtable discussion] នៅតាមទូរទស្សន៍ មាន radio talk show ហើយយើងមានធ្វើជាមិទ្ទីញតាមទីសាធារណៈ ដើរដង្ហែក្បួនតាមទីសាធារណៈដើម្បីចែកបូ បំពាក់បូ ហើយនិងយើងចែកខិត្តប័ណ្ណ ចែក stickers ផ្ទាំងរូបភាព បដា...»។
ចំណែកអង្គការ UNIFEM ដែលជាភាសាខ្មែរហៅថា មូលនិធិរបស់ស្រ្តីនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត័មានមួយនៅថ្ងៃទី២៥ វិច្ឆិកានេះថា មានប្រជាពលរដ្ឋជាង ៥.០០០នាក់ ទូទាំងប្រទេសកម្ពុជា បានចុះហត្ថលេខាលើលិខិតយុទ្ធនាការមួយ ទាមទារឲ្យលុបបំបាត់អំពើហិង្សាលើស្រ្តី ហើយលិខិតនោះនឹងត្រូវផ្ញើជូនលោកអគ្គលេខាធិការរបស់អង្គការ សហប្រជាជាតិ។
លោកស្រី លឹម មុន្នី ប្រធានក្រុមការងាររបស់សមាគមសិទ្ធិមនុស្សមួយ ឈ្មោះ អាដហុក បានមានប្រសាសន៍ឲ្យដឹងថា តាមរបាយការណ៍និងពាក្យបណ្តឹងដែលលោកស្រីទទួលបាន បានបង្ហាញថា ការប្រើអំពើហិង្សាលើស្ត្រីនៅតែកើនឡើង ទោះបីប្រទេសកម្ពុជាមានច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារហើយ ក៏ដោយ។
លោកស្រី លឹម មុន្នី មានប្រសាសន៍ដូច្នេះថា ៖ «និយាយទៅ វាកើនដែរ ប៉ុន្តែមិនកើនច្រើនប៉ុន្មានទេ។ យើងឃើញថា សំខាន់បំផុតគឺ ការអនុវត្តច្បាប់មិនបានពេញលេញ ទីមួយ ហើយទីពីរ ការយល់ដឹងរបស់ពលរដ្ឋខ្មែរយើងនៅមានកម្រិត ហើយមួយទៀតគឺ ភាពក្រីក្រ»។
តាមរបាយការណ៍រួមរបស់អង្គការក្រៅរដ្ឋាភិបាលឆ្នាំ២០០៨ បានឲ្យដឹងថា អំពើហិង្សាលើស្រ្តីនៅប្រទេសកម្ពុជា នៅតែមានការរាលដាល ហើយកម្រិតហិង្សានៅមានខ្ពស់ ប៉ះពាល់ដល់នារីកម្ពុជាប្រមាណពី ២០ ទៅ ២៥%។
តាមតួលេខលំអិតរបស់សមាគមសិទ្ធិមនុស្ស អាដហុក វិញ បានឲ្យដឹងថា ចាប់ពីខែមករា មកទល់ខែតុលា ឆ្នាំ២០០៨នេះ អាដហុក ទទួលបានបណ្តឹងនានាទាក់ទងជាមួយអំពើហិង្សាលើស្ត្រីនិងកុមារចំនួន ១.០១៧ករណី ក្នុងនោះទាក់ទងនឹងអំពើហិង្សា ចំនួន ៥៨៤បណ្តឹង រំលោភ មាន ៣៦៨បណ្តឹង និងជួញដូរមាន ៦៥ពាក្យបណ្តឹង៕from rfa