Wednesday, November 26, 2008

អំពើ​ហិង្សា​ប៉ះពាល់​ដល់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៤​នាក់​នៅ​កម្ពុជា


មាន​អំពើ​ហិង្សា​លើ​ស្រ្តី​កើត​ឡើង​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា ទោះ​បី​ប្រទេស​មាន​ច្បាប់​ហាម​ឃាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​ដោយ។ គេ​បាន​រក​ឃើញ​ថា មាន​ស្រ្តី​ម្នាក់​ក្នុង​ចំណោម ៤​នាក់ រង​អំពើ​ហិង្សា។

នៅ​ក្នុង​ទិវា​អន្តរជាតិ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រ្តី អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ បាន​រួម​គ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ដាស់​សតិ​ពលរដ្ឋ​ទូទៅ​ឲ្យ​ចាប់​ អារម្មណ៍​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ច្រើន​ករណី​នៅ​ ក្នុង​ប្រទេស ហើយ​តាម​ស្ថិតិ​បាន​ឲ្យ​ដឹង​ថា បាន​ប៉ះពាល់​លើ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី ៤​នាក់ នៅ​ប្រទេស​កម្ពុជា។

លោក ឆាយ គីមស័រ ប្រធាន​កម្មវិធី​ទំនាក់ទំនង​សហគមន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​លុប​បំបាត់​អំពើ​ហិង្សា ថ្ងៃ​២៥ វិច្ឆិកា ក្រុម​លោក​បាន​ធ្វើ​យុទ្ធនាការ​មួយ​ចាប់​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ធ្នូ ដោយ​មាន​ជា​សកម្មភាព​ផ្សេងៗ​និង​ធ្វើ​នៅ​ខែត្រ​ចំនួន​៤ គឺ​ខែត្រ​បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខែត្រ​ព្រៃវែង។

លោក ឆាយ គឹមស័រ បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ធ្វើ​ហ្នឹង​វា​មាន​ សកម្មភាព​ជា​ច្រើន។ ខាង​ខ្ញុំ យើង​មាន​ជា​កិច្ច​ពិភាក្សា​តុ​មូល [roundtable discussion] នៅ​តាម​ទូរទស្សន៍ មាន radio talk show ហើយ​យើង​មាន​ធ្វើ​ជា​មិទ្ទីញ​តាម​ទីសាធារណៈ ដើរ​ដង្ហែ​ក្បួន​តាម​ទី​សាធារណៈ​ដើម្បី​ចែក​បូ បំពាក់​បូ ហើយ​និង​យើង​ចែក​ខិត្តប័ណ្ណ ចែក stickers ផ្ទាំង​រូប​ភាព បដា...»

ចំណែក​អង្គការ UNIFEM ដែល​ជា​ភាសា​ខ្មែរ​ហៅ​ថា មូលនិធិ​របស់​ស្រ្តី​នៃ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត័មាន​មួយ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ​ថា មាន​ប្រជា​ពលរដ្ឋ​ជាង ៥.០០០​នាក់ ទូទាំង​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​យុទ្ធនាការ​មួយ ទាមទារ​ឲ្យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រ្តី ហើយ​លិខិត​នោះ​នឹង​ត្រូវ​ផ្ញើ​ជូន​លោក​អគ្គលេខាធិការ​របស់​អង្គការ​ សហប្រជាជាតិ។

លោកស្រី លឹម មុន្នី ប្រធាន​ក្រុម​ការងារ​របស់​សមាគម​សិទ្ធិមនុស្ស​មួយ ឈ្មោះ អាដហុក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​របាយការណ៍​និង​ពាក្យ​បណ្តឹង​ដែល​លោកស្រី​ទទួល​បាន បាន​បង្ហាញ​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​កើន​ឡើង ទោះ​បី​ប្រទេស​កម្ពុជា​មាន​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ហើយ​ ក៏​ដោយ។

លោកស្រី លឹម មុន្នី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «និយាយ​ទៅ វា​កើន​ដែរ ប៉ុន្តែ​មិន​កើន​ច្រើន​ប៉ុន្មាន​ទេ។ យើង​ឃើញ​ថា សំខាន់​បំផុត​គឺ ការអនុវត្ត​ច្បាប់​មិន​បាន​ពេញ​លេញ ទី​មួយ ហើយ​ទី​ពីរ ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​យើង​នៅ​មាន​កម្រិត ហើយ​មួយ​ទៀត​គឺ ភាព​ក្រីក្រ»

តាម​របាយការណ៍​រួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឆ្នាំ​២០០៨ បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​ប្រទេស​កម្ពុជា នៅ​តែ​មាន​ការ​រាល​ដាល ហើយ​កម្រិត​ហិង្សា​នៅ​មាន​ខ្ពស់ ប៉ះពាល់​ដល់​នារី​កម្ពុជា​ប្រមាណ​ពី ២០ ទៅ ២៥%។

តាម​តួលេខ​លំអិត​របស់​សមាគម​សិទ្ធិ​មនុស្ស អាដហុក វិញ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា មក​ទល់​ខែ​តុលា ឆ្នាំ​២០០៨​នេះ អាដហុក ទទួល​បាន​បណ្តឹង​នានា​ទាក់ទង​ជាមួយ​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ​ចំនួន ១.០១៧​ករណី ក្នុង​នោះ​ទាក់ទង​នឹង​អំពើ​ហិង្សា ចំនួន ៥៨៤​បណ្តឹង រំលោភ មាន ៣៦៨​បណ្តឹង និង​ជួញដូរ​មាន ៦៥​ពាក្យ​បណ្តឹង៕
from rfa