កងទ័ព ១០ នាក់ និងប៉ូលិសព្រំដែនកម្ពុជាដែលដើរល្បាតព្រំដែននៅជប់អង្គុញ និងទៅពិនិត្យមើលការសាងសង់ផ្ទះថ្មី ២ ខ្នង របស់ទាហានឈុតខ្មៅសៀម កង ២៦០២ នៅក្បែរនោះបានរងការបាញ់គ្រាប់កាំភ្លើងM79 ចំនួន ២ គ្រាប់ ដើម្បីស្កាត់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩ ។ ឧបទ្ទហេតុនោះពុំបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ទេ ។
ពលទាហាន និងប៉ូលិសកម្ពុជានៅការពារព្រំដែនពីថ្មដូនជប់អង្គុញ និងប្រាសាទតាក្របី ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ប្រាប់អ្នកកាសែតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៩ថា ទាហាន ឈុតខ្មៅសៀមកងលេខ២៦០២ នៅជិតបន្ទាយថៃនិយម ឃុំថៃនិយម ស្រុកភ្នំ ដុងរ៉ាក់ ខេត្តបូរីរម្យ របស់ប្រទេសសៀម បានសង់ផ្ទះឈើប្រក់ស័ង្កសី២ ខ្នងនៅក្នុងទឹកដីគេ តែក្បែរព្រំដែនកម្ពុជា ចំណុចជប់អង្គុញ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ។ ផ្ទះទាំងពីរបានសង់រួចថ្មីៗនេះ ដែលផ្ទះមួយខ្នងមានទំហំ ៣ ម៉ែត្រគុណ ៤ ម៉ែត្រ ។
កងការពារព្រំដែនកម្ពុជាគឺ ទ័ព១០នាក់ ប៉ូលិស៥នាក់ បានចេញល្បាតព្រំដែន និងពិនិត្យពីចម្ងាយនូវការសង់ផ្ទះថ្មីរបស់ទាហានសៀមនៅក្បែរ ព្រំដែននោះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩ ។ ប៉ុន្តែខណៈកម្លាំងល្បាតដល់អូរមួយ លើខ្នងភ្នំជិតផ្លូវបំបែកជប់អង្គុញ ជាទីដែលទាហានសៀមសង់ស្ពានពីកូនឈើស្រស់ និងឈូសផ្លូវកន្លងមក ចំណុច UA 23441-8757 គឺម៉ោង ២ និង ១០ នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩ ក៏ស្រាប់តែទាហានសៀមបាញ គ្រាប់ M79 មួយគ្រាប់ស្កាត់ និងបង្កស្នូរផ្ទុះ ។ គ្រាប់បានធ្លាក់ក្នុងដីសៀម ។ កម្លាំងកម្ពុជាបានត្រឡប់ថយក្រោយមួយសន្ទុះ គឺម៉ោង ២ និង ៤៥ នាទីក៏ស្រាប់តែទាហានសៀមបាញ់គ្រាប់ M79 មួយគ្រាប់ទៀតធ្លាក់ទីតាំងដូចមុន តែក្បែរព្រំដែនកម្ពុជា ។
ប្រភពព័ត៌មានពីព្រំដែនឲ្យដឹងថា ប្រមាណ ១៥ នាទីក្រោយមកមេបញ្ជាការកងលេខ២៦០៦ ទាហានឈុតខ្មៅមួយកងផ្សេងដែលបន្ទាយនៅជិតច្រកឆងកាង ឈមនឹងច្រកថ្មដូនបានមកជួបកម្លាំងកម្ពុជា ដើម្បីនិយាយសម្រួលបញ្ហា ប៉ុន្តែបដិសេធជូនដំណើរកងកម្លាំងកម្ពុជាទៅពិនិត្យផ្ទះសង់ថ្មី២ ខ្នងនោះដោយយកលេសថា ចំណុចនោះជាកន្លែងឈរជើងរបស់ឈុតខ្មៅ កង២៦០២ ឯណោះ ។
គួររំលឹកថា ទាហានសៀមកសាងផ្ទះថ្មី ២ ខ្នងនោះកាលពីពេលថ្មីៗនេះ ហើយត្រូវខាងស៊ើបការណ៍បានដឹងថា ចំណុចនោះស្ថិតនៅក្នុងទឹកដីសៀម តែកៀកនឹងព្រំដែនកម្ពុជា ឬខាងកើតភូមិថ្មដូនប្រមាណ ៥,២ គីឡូម៉ែត្រ ៕
No comments:
Post a Comment