អស់រយៈពេលជិត៥ឆ្នាំ នៃការតស៊ូ, អ្នកចម្រៀង ខេមរៈ សេរីមន្ត ដែលមានប្រភពមកពីខេត្តកំពង់ចាម, ទទួលបាននូវជោគជ័យហួសពីការស្មាន ។ ក្នុងឆ្នាំនេះ បទចម្រៀងថ្មីៗមួយចំនួន ក្នុងនោះមានបទរដឺនផងដែរ បានជំរុញឱ្យខេមរៈសេរីមន្ត បង្កើនបាននូវសន្ទុះនៃការគាំទ្រកាន់តែច្រើន និង លេចធ្លោជាងគេ ។
ខេមរៈ សេរីមន្ត បានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងសម័យនាឆ្នាំ២០០៤ តាមរយៈបងប្រុសបង្កើតរបស់លោកឈ្មោះខេមរៈ ភារុណ នៅក្នុងផលិតកម្ម “U2” ។ ក្នុងអំឡុងពេលបីឆ្នាំ គឺពីឆ្នាំ២០០៤ ដល់២០០៦ ខេមរៈ សេរីមន្តបានថតចម្រៀង ឱ្យផលិតកម្ម “U2” បានប្រមាណជា៦០បទ ហើយបទដែលធ្វើឱ្យប្រិយមិត្តអ្នកស្តាប់ទទួល ស្គាល់មានដូចជាបទ “បេះដូងអ្នកប្រដាល់, ជីវិតអ្នកចម្រៀង, ស្នេហ៍ពេញបេះដូង, បញ្ញើស្នេហ៍, ស្នេហ៍បរាជ័យ, ព្រមទាំងអាល័យ...” ក្រៅពីនោះតារាចម្រៀងរូបរាងសង្ហារម្នាក់នេះ ឧស្សាហ៍ឃើញបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ និងតាមការប្រគំតន្ត្រីជាសាធារណៈក្នុងកម្មវិធីធំៗមួយចំនួនផងដែរ ។ ត្រកូល “ខេមរៈ” ចំនួន៣រូប គឺខេមរៈ ភារុណ ជាបងប្រុសបង្កើត និងរូបលោក ព្រមទាំងប្អូនស្រីម្នាក់ទៀត ត្រូវផ្អាកការងារអស់រយៈពេល២ឆ្នាំ រហូតមកដល់ឆ្នាំ២០០៨កន្លងទៅនេះ ទើបសម្រេចនាំគ្នាចូលក្នុងផលិតកម្មសាន់ដេវិញម្តង ។
តារាចម្រៀងរូបរាងសង្ហារ កម្ពស់១,៧០ម៉ែត្រ អាយុ២៥ឆ្នាំម្នាក់នេះ ល្បីថាមានស្រីៗតាមសុំស្នេហាច្រើនណាស់ រហូតលេចឮថាមានកូនអ្នកធំស្តុកស្តម្ភម្នាក់ មានទំនាក់ទំនងស្នេហាផង តែសាម៉ីខ្លួនបានបដិសេធយ៉ាងប្រញាប់ប្រញាល់ប្រាប់អ្នកសារព័ត៌មានថា “រឿងរ៉ាវនោះមិនពិតទេ ខ្ញុំមិនទាន់គិតដល់រឿងនោះទេ ហើយរឿងគូស្រករក៏មិនទាន់ចាប់អារម្មណ៍ដែរ ព្រោះខ្ញុំនៅក្មេងពេក ប្រហែលជារង់ចាំដល់អាយុ៣០ស្តើង ទើបគិតគូររឿងនេះ ។ ខ្ញុំសូមអរគុណណាស់អ្នកដែលស្រឡាញ់ និងគាំទ្រខ្ញុំ” ។
លោកខេមរៈ ភារុណ បានប្រាប់ទស្សនាវដ្តីនានាថា លោកបាននិពន្ធបទចម្រៀងឱ្យប្អូនប្រុសសេរីមន្តច្រៀងបាន ទទួលជោគជ័យជាច្រើនមកហើយ ពិសេសបទមនោសញ្ចោតនា ចំណែកប្អូនស្រីខេមរៈ ស្រីពៅ នាងមានអាយុ ត្រឹម១៧ឆ្នាំទេ សង្ឃឹមថាពេលខាងមុខ នាងនឹងច្រៀងបានកាន់តែល្អជាងនេះ ។
គួរកត់សម្គាល់ថា នៅឆ្នាំ ២០០៩នេះ ខេមរៈ សេរីមន្តទទួលបានជោគជ័យស្ទើរស៊ីដាច់គេក្នុងពិភពសិល្បៈចម្រៀងសម័យ តាមរយៈបទថ្មីៗ ដែលសុទ្ធតែល្បីនិងទទួលការគាំទ្រពីសំណាក់យុវវ័យ ។
ខេមរៈ សេរីមន្ត បានប្រាប់ថា “ខ្ញុំអាចច្រៀងបានច្រើនប្រភេទ អាចប្រើសំឡេងបានច្រើនយ៉ាង ដូចជា បទរដឺន រ៉ុក កន្ទ្រឹម និងបែប មនោសញ្ចោតនាជាដើម ។ នៅក្នុងផលិតកម្មសាន់ដេ បទចម្រៀងដែលមានការគាំទ្រខ្លាំងរួមមានបទ “ទុកឱកាសឱ្យបងបានទេ, ទៅដណ្តឹងកូនគេ, ព្រួយព្រោះច័ន្ទ, ចង់បានប្រពន្ធខ្មែរ, ធ្វើកុំភ័យ ...” ចំណែកបទដែលធ្វើឱ្យស្រទាប់យុវវ័យកន្ត្រាក់អារម្មណ៍ខ្លាំងថែមទៀត នោះ គឺបទមានសំនៀងរដឺនដែលទើបតែចេញនាពេលថ្មីៗនេះ គឺ “លក់ក្របីព្រោះម៉ែ, ទៅយកប្តីបារាំង” ៘
នាពេលចុងក្រោយនេះ ខេមរៈ សេរីមន្ត អាចរកចំណូលបានយ៉ាងច្រើន ចំណែកតម្លៃខ្លួនក៏កាន់តែឡើងខ្ពស់ ជាឱកាសដ៏ល្អ ដែលលោកអាចប្រមូលប្រាក់ទិញរថយន្តថ្មី ទិញផ្ទះរហូតដល់រាប់ម៉ឺនដុល្លារ ។ បើទោះបីពេលនេះភ្លៀងកំពុងធ្លាក់ បន្តការរំខានក្តី ក៏លោកអាចចេញរកចំណូលតាមរយៈការច្រៀងក្នុងកម្មវិធីសម្ពោធ ផលិតផលផ្សេងៗ ឬតាមសណ្ឋាគារធំៗជាដើម ។
ខេមរៈ សេរីមន្ត បានប្រាប់ថា នៅផលិតកម្មសាន់ដេ លោកមានសេចក្តីសុខណាស់ ទោះបីជាមានកុងត្រាក្តី ក៏ លោកនៅមានសេរីភាពពេញលេញដែរ ហើយមួយរយៈពេលនេះ លោកបានថតចម្រៀងបានជាង ៣០បទហើយ ហើយមានបទថ្មីៗជាច្រើនទៀត ដែលធ្វើបានល្អជាងពេលមុនៗទៅទៀត សម្រាប់ទុកផ្ញើជូនទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់ជាការកម្សាន្ត ៕
No comments:
Post a Comment